អំពីយើង

ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា៖ បើ​ផ្ទះ​ណា​គ្មាន​គ្រឹះ​រឹង​មាំ​ទេ នោះ​មិន​យូរ​មិន​ឆាប់​ផ្ទះ​នោះ​នឹង​ដួល​រលំ​ជា​មិន​ខាន។ ដូច​គ្នា​ផង​ដែរ ចំពោះ​ជំនឿ​គ្រីស្ទ​បរិស័ទ ប្រសិន​បើ​ជំនឿ​របស់​យើង​មិន​មាន​គ្រឹះ​រឹងមាំ​ទេ នោះ​យើង​ក៏​នឹង​មិន​អាច​ស៊ូ​ទ្រាំ​បាន​ឡើយ នៅ​ពេល​ជួប​ទុក្ខ​លំបាក។ ដើម្បី​ឲ្យ​យើង​អាច​ស៊ូ​ទ្រាំ​បាន យើង​ត្រូវ​តែ​សង់​ជំនឿ​របស់​យើង នៅ​លើ​សេចក្តី​ពិត​ដ៏​រឹងមាំ​នៃ​ព្រះ​បន្ទូល​ទ្រង់!

ហេតុ​នេះ​ហើយ​បាន​ជា កន្លង​មក​នេះ មាន​គ្រូ​គង្វាល​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​មួយ ដើម្បី​បង្រៀន​អំពី​ចំណុច​ស្នូល​នៃ​គោល​លទ្ធិ​ជំនឿ​គ្រីស្ទ​បរិស័ទ​ដល់​អ្នក​ជឿ​ថ្មីៗ។ មាន​ឪពុក​ម្តាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ក៏​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​នេះ ដើម្បី​អប់រំ​កូន​ចៅ​ពួក​គាត់​ផង​ដែរ។ ទីក្រុង​ថ្មី គឺ​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ។ តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​សំណួរ-ចម្លើយ​ខ្លីៗ​នេះ នោះ​មនុស្ស​ទាំង​អស់​អាច​យល់​ដឹង​ពី​ចំណុច​សំខាន់ៗ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​បន្តិច​ម្តងៗ​បាន។

នៅ​ឆ្នាំ ១៥២៩ អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ​លោក ម៉ធិន លូសើរ (Martin Luther) បាន​ពណ៌នា​ពី​ស្ថានភាព​គួរ​ឲ្យ​សោក​ស្តាយ​របស់​គ្រីស្ទ​បរិស័ទ​ក្នុង​ជំនាន់​នោះ​នៅ​ប្រទេស​អាល្លឺម៉ង់។ គាត់​បាន​សរសេរ​ថា៖ «មនុស្ស​សាមញ្ញ​ធម្មតា ជា​ពិសេស​អ្នក​រស់​នៅ​តាម​ភូមិ ស្ថិត​ក្នុង​ភាព​ងងឹត​សូន្យ​សុង ទាក់ទង​នឹង​ជំនឿ​គ្រីស្ទ​បរិស័ទ ហើយ​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ក៏​មាន​គ្រូ​គង្វាល​ជា​ច្រើន​នាក់​មិន​មាន​ជំនាញ និង​សមត្ថភាព ដើម្បី​ជួយ​សមាជិក​ក្រុម​ជំនុំ​របស់​ខ្លួន​បាន​ទេ។ ទោះ​បើ​ពួក​គេ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ពិធី​លៀង​ព្រះ​អម្ចាស់ ហើយ​មិន​ស្គាល់​ពី​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ និង​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ ឬ​បញ្ញត្តិ​ដប់​ប្រការ​ក៏​ដោយ ក៏​ពួក​គេ​នៅ​មាន​ឈ្មោះ​ថា​ជា​គ្រីស្ទ​បរិស័ទ​ដែរ។ ការ​នេះ​ហើយ ដែល​ធ្វើឲ្យ​ពួក​គេ​រស់​នៅ​ដូច​ជា​ហ្វូង​គោ ហ្វូង​ក្របី ឬ​ជ្រូក​ដែល​ល្ងង់​ខ្លៅ»។ នៅ​ជំនាន់​លោក ម៉ធិន លូសើរ ក៏​មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ដែល​មិន​ចេះ​អាន​អក្សរ ព្រម​ទាំង​មិន​ស្គាល់​ពី​សេចក្តី​ពិត​សំខាន់ៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ហើយ​បាន​ជា​លោក ម៉ធិន លូសើរ ទូន្មាន​ដល់​គ្រូ​គង្វាល និង​គ្រូ​បង្រៀន​ទាំង​អស់ ឲ្យ​ខិតខំ​អប់រំ​ក្រុម​ជំនុំ​របស់​ខ្លួន ដោយ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​សំណួរ-ចម្លើយ​ខ្លីៗ​នេះ។

គោល​បំណង​របស់​អ្នក​និពន្ធ​កូន​សៀវភៅ​នេះ​គឺ៖ ដើម្បី​យក​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ពី​ជំនាន់​មុន​មក​កែ​សម្រួល និង​ប្រើ​ប្រាស់​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ឡើង​វិញ។ រីឯ​យើង​ដែល​ជា​ក្រុម​អ្នក​បក​ប្រែ​សៀវភៅ​នេះ​ជា​ភាសា​ខ្មែរ យើង​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​ប្រើ​ប្រាស់​វា ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​ជំនុំ​ខ្មែរ គ្រប់​វ័យ​ទាំង​អស់។

សូម​ព្រះ​អង្គ​ប្រទាន​ពរ!